Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ
October 25, 2024

សាធារណរដ្ឋឥណ្ឌូនេស៊ី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាមន្រ្តីបង្គោលនៃ​ក្រុមការងារសេវាកម្ម​វិស័យសុខាភិបាលអាស៊ាន បានដឹកនាំគណ:ប្រតិភូ​ក្រសួងសុខាភិបាលចូលរួម​កិច្ចប្រជុំ​ក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ាន​លើកទី៥៧ និងកិច្ចប្រជុំគណៈកម្មការ​សម្របសម្រួលសេវាកម្មអាស៊ានពាក់ព័ន្ធ។ 

ក្នុងនាមជាប្រធានប្តូរវេន ដែលកម្ពុជា ជាប្រធានអាសនៈសម្រាប់ឆ្នាំ២០២៤ ឯកឧត្តម​អនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក៏បានអញ្ជើញដឹកនាំ និង​សម្របសម្រួល​កិច្ចប្រជុំក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ានលើកទី៥៧ ទន្ទឹមនោះ កម្ពុជា​ក៏បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំគណៈកម្មការ​សម្របសម្រួល​រួម​អាស៊ាននានា រួមមាន៖ គណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពីថែទាំ​លើកទី​៣៩ គណៈកម្មការ​សម្របសម្រួលរួមអាស៊ានស្តីពីវេជ្ជសាស្ត្រលើកទី៣៥ និងគណៈកម្មការសម្រប​សម្រួល​រួម​អាស៊ានស្តីពីទន្តសាស្ត្រលើកទី៣៤។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានការអញ្ជើញចូលរួមពីបណ្តា​ប្រទេស​សមាជិកអាស៊ានទាំង១០ និងសម្របសម្រួលដោយលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណង៖ 
១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព​ឆ្នាំ​២០១៦-២០២៥ របស់ក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ាន និង​គណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពីថែទាំ វេជ្ជសាស្ត្រ និងទន្តសាស្ត្រ
២) ពិភាក្សា ចែករំលែកបទពិសោធន៍លើភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងការសម្របសម្រួលការចល័ត នៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក្នុងប្រទេស​សមាជិកអាស៊ាន សុខាភិបាលទេសចរណ៍ និងសុខាភិបាលឌីជីថល និង
៣) ពិភាក្សាលើសកម្មភាពអាទិភាព សម្រាប់រៀបចំផែនការ សកម្មភាពក្រោយឆ្នាំ​២០២៥៕

Image 1
Image 2
Image 3