កិច្ចប្រជុំក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ
ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤
សាធារណរដ្ឋឥណ្ឌូនេស៊ី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាមន្រ្តីបង្គោលនៃក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ាន បានដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ានលើកទី៥៧ និងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសេវាកម្មអាស៊ានពាក់ព័ន្ធ។
ក្នុងនាមជាប្រធានប្តូរវេន ដែលកម្ពុជា ជាប្រធានអាសនៈសម្រាប់ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក៏បានអញ្ជើញដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ានលើកទី៥៧ ទន្ទឹមនោះ កម្ពុជាក៏បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមអាស៊ាននានា រួមមាន៖ គណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពីថែទាំលើកទី៣៩ គណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពីវេជ្ជសាស្ត្រលើកទី៣៥ និងគណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពីទន្តសាស្ត្រលើកទី៣៤។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ និងសម្របសម្រួលដោយលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណង៖
១) ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦-២០២៥ របស់ក្រុមការងារសេវាកម្មវិស័យសុខាភិបាលអាស៊ាន និងគណៈកម្មការសម្របសម្រួលរួមអាស៊ានស្តីពីថែទាំ វេជ្ជសាស្ត្រ និងទន្តសាស្ត្រ
២) ពិភាក្សា ចែករំលែកបទពិសោធន៍លើភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលការចល័ត នៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក្នុងប្រទេសសមាជិកអាស៊ាន សុខាភិបាលទេសចរណ៍ និងសុខាភិបាលឌីជីថល និង
៣) ពិភាក្សាលើសកម្មភាពអាទិភាព សម្រាប់រៀបចំផែនការ សកម្មភាពក្រោយឆ្នាំ២០២៥៕