ទិវាសោភ័ណសល្យសាស្រ្តលើកទី១៥ របស់សមាគមសោភ័ណសល្យសាស្រ្តកម្ពុជា
August 24, 2024
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអមដំណើរដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាសមាគម បានអញ្ជេីញក្នុងពិធីបើកទិវា សោភ័ណសល្យសាស្រ្តលើកទី១៥ របស់សមាគមសោភ័ណសល្យសាស្រ្តកម្ពុជានៅ សណ្ឋាគារភ្នំពេញ ក្រោមប្រធានបទ នវានុវត្តន៏កាវះកាត់កែសម្ផស្ស។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការ និងការខិតខំរៀបចំឱ្យមានទិវានេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យ គ្រូពេទ្យកម្ពុជា និងគ្រូពេទ្យអន្តរជាតិ ធ្វើការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ ជំនាញបច្ចេកទេស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈមិនត្រឹមតែសម្រេចបាននូវភាពល្អឥតខ្ចោះនៃសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកែប្រែពិការភាពអោយមានសុក្រិត មុខមាត់ថ្មីជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សក្ក័សិទ្ធភាព និងសុវត្ថិភាពខ្ពស់ផងដែរ។
ទិវានេះ មានការអញ្ជើញចូលរួមយ៉ាងកុះករក្រុមប្រឹក្សាសមាគម សមាជិកសមាជិការសមាគម និស្សិតឯកទេស ជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្រ្តមកពីបណ្តា មន្ទីរពេទ្យជាតិ ភ្ញៀវជាតិ និងអន្តរជាតិសាស្រ្តាចារ្យសាកលវិទ្យាល័យ ប្រទេសម់ាឡេស៊ីហ្វីលីពីនចិន សរុបមានចំនួន៩៣នាក់។
គួរបញ្ជាក់ផងដែរថា ទិវានេះតែងតែប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់២ដងក្នុង១ឆ្នាំ ដើម្បីស្វែងយល់អំពីការរីកចម្រើននវានុវត្តន៏បច្ចេកទេស ក្នុងចំណោមអ្នកឯកទេស ដើម្បីចូលរួមចំណែកសំខាន់ជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។