រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល រួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ ឯកឧត្តម ហុក ខៀវ លោកបណ្ឌិត ហ៊ុយ រ៉េកុល និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការបង្កើតក្រុមការងារថ្នាក់ជាតិសម្រាប់តាមដាន និង វាយតម្លៃ ដេីម្បី ឈានទៅ ការលុបបំបាត់ជំងឺគ្រុនចាញ់ នាពេលអនាគត។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំ ដោយ ឯកឧត្ដម សុក ផេង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ គោលបំណងសំខាន់ គឺផ្តោតលើ ការពិនិត្យ និងសម្រេចអំពី សេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការបង្កើតក្រុមការងារ ថ្នាក់ជាតិ និងតួនាទី ភារកិច្ច របស់ក្រុមការងារ ដែលក្រុមការងារថ្នាក់ជាតិនេះគឺ មានសារៈសំខាន់ណាស់សម្រាប់ជួយដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងនាំឱ្យប្រទេសកម្ពុជាឈានទៅទទួលបាននូវវិញ្ញាបនបត្រគ្មានជំងឺគ្រុនចាញ់នាពេលអនាគត ។