ការចុះពង្រឹង និងជួយធ្វេីឱ្យប្រសេីរឡេីង នៃការស្រាវជ្រាវធ្វេីរោគវិនិច្ឆ័យជំងឺរបេង ជាពិសេសជំងឺរបេងកុមារ
ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៤
ខេត្តកំពត៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំងក្រុមការងារ និងដោយមានការសហការពីលោក វេជ្ជបណ្ឌិត ហួត ចាន់យុដា នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានចុះបំពេញការងារនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រាច មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពត និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិឈូក នៃខេត្តកំពត។
គោលបំណង នៃការចុះពង្រឹងការងារ គឺធ្វេីឱ្យប្រសេីរឡេីងនៃការធ្វេីរោគវិនិច្ឆ័យជំងឺរបេងកុមារ ដែលទាក់ទងនឹង៖
- ការធ្វេីរោគវិនិច្ឆ័យច្រេីនលេីសលប់ (Over diagnosis) ដោយផ្អែកលេីទិន្នន័យជម្ងឺរបេងកុមារធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីររបេងក្នុងឆ្នាំ២០២៣ និង២ត្រីមាស ដេីមឆ្នាំ២០២៤។
- ធ្វេីឱ្យមានការកេីនឡេីងនូវការរកឃេីញជំងឺរបេងសួតកុមារនៅកម្ពុជា ដោយផ្តល់អនុសាសន៍ គ្រប់កុមារទាំងអស់ដែលធ្វេីរោគវិនិច្ឆ័យជាជំងឺរបេង ត្រូវតែថតសួត
- បានបង្រៀនជាទ្រឹស្ដីនូវមេរៀនទាក់ទងជំងឺរបេងកុមារ
- បានបង្រៀននូវការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ
- បានចូលជួយពិនិត្យ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែលពិបាកធ្វេីរោគវិនិច្ឆ័យ
- បានផ្ដល់នូវវិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាន នៃថ្នាំរបេង
- បានផ្តល់នូវវិធីសាស្ត្រ និងលក្ខខណ្ឌ នៃការព្យាបាលបង្ការ (TPT) ដល់កុមារអាយុក្រោម15ឆ្នាំ ប្រាកដជាមានសុខភាពល្អ និងដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា ផងដែរ។
ជាលទ្ធផល ក្នុងការចុះពង្រឹងការងារនេះបានរកឃើញថា៖
- កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកាមកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន៤៥នាក់
- គ្រូពេទ្យ និងគិលានុបដ្ឋាកដែលពាក់ព័ន្ធយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញបានយល់ និងអាចធ្វេីរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែប្រសេីរឡេីង និងមានភាពសុក្រិត្យ។